Shopping Cart
ការយល់ខុសអំពីជំងឺមហារីកជាញឹកញាប់នាំឱ្យមានការភ័យខ្លាចដែលមិនចាំបាច់។
តោះមកស្វែងយល់ឱ្យបានច្បាស់លាស់ និងរៀនសូត្រអំពីការពិតនៃជំងឺមហារីក។

ការយល់ខុសទី 1: ជំងឺមហារីកគឺជាទោសប្រហារជីវិត
ការពិត : ការរកឃើញតាំងពីដំណាក់កាលដំបូង និងការព្យាបាលអាចនាំឱ្យជាសះស្បើយបានប្រហែលមួយភាគបីនៃករណីជំងឺមហារីក។ ការពិនិត្យសុខភាពជាប្រចាំ និងការធ្វើតេស្តស្វែងរកជំងឺមហារីកមានសារៈសំខាន់ណាស់។ ការរីកចម្រើននៃការព្យាបាលជំងឺមហារីកក៏បានធ្វើឱ្យអត្រារស់រានមានជីវិតកាន់តែប្រសើរឡើងផងដែរ ទោះបីជាជំងឺមហារីកស្ថិតក្នុងដំណាក់កាលធ្ងន់ក៏ដោយ។ ឧទាហរណ៍ អត្រារស់រានមានជីវិតរយៈពេលប្រាំឆ្នាំសម្រាប់ជំងឺមហារីកដំណាក់កាលដំបូង ដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត ឥឡូវនេះលើសពី 90%។
ការយល់ខុសទី 2: ជំងឺមហារីកគឺជាជំងឺឆ្លង
ការពិត : ជំងឺមហារីក មិនមែនជាជំងឺឆ្លងនោះទេ វាមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានឡើយ។ ការចំណាយពេលជាមួយអ្នកដែលមានជំងឺមហារីក មិនបានធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វីរុសជាក់លាក់មួយចំនួន ដូចជាវីរុសរលាកថ្លើមប្រភេទ B ឬ C និងវីរុស HPV (Human Papillomavirus) អាចបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទមួយចំនួនបាន ប៉ុន្តែពួកវាឆ្លងតាមរយៈមធ្យោបាយផ្សេងៗគ្នា ដូចជាការរួមភេទ ឬការប្រើប្រាស់ម្ជុលដែលមានផ្ទុកវីរុស។


ការយល់ខុសទី 3: ការបរិភោគជាតិស្ករ ធ្វើឱ្យកោសិកាមហារីកកាន់តែលូតលាស់
ការពិត : ខណៈពេលដែលកោសិកាមហារីកមានទំនោរប្រើប្រាស់ស្ករច្រើនជាងកោសិកាធម្មតា មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា ស្ករ ឬអាហារផ្អែមមានទំនាក់ទំនងនឹងការរីកចម្រើននៃជំងឺមហារីកឡើយ។ ទោះជាយ៉ាងណា របបអាហារដែលមានជាតិស្ករខ្ពស់អាចនាំឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលជាហេតុបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទមួយចំនួន។
ការយល់ខុសទី 4: គំនិត ឬអាកប្បកិរិយាអវិជ្ជមានអាចបង្កឱ្យកើតជំងឺមហារីក
ការពិត : មិនមានមូលដ្ឋានវិទ្យាសាស្ត្រណាមួយសម្រាប់ជំនឿថា អាកប្បកិរិយាអវិជ្ជមានអាចបង្កឱ្យកើត ឬធ្វើឱ្យជំងឺមហារីកកាន់តែធ្ងន់ធ្ងរឡើយ ហើយអាកប្បកិរិយាវិជ្ជមានក៏មិនអាចការពារជំងឺនេះបានដែរ។ អ្នកជំងឺមហារីកជាញឹកញាប់ជួបប្រទះអារម្មណ៍ជាច្រើនប្រភេទ ប៉ុន្តែការរក្សាទស្សនៈវិជ្ជមានអាចជួយក្នុងការទប់ទល់អំឡុងពេលធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។


ការយល់ខុស 5: ការយល់ខុសទី 5: ការវះកាត់ ឬការច្រកសាច់យកទៅពិនិត្យធ្វើឱ្យជំងឺមហារីករាលដាល
ការពិត : ហានិភ័យនៃការរីករាលដាលនៃជំងឺមហារីកដោយសារតែការវះកាត់ ឬការច្រកសាច់យកទៅពិនិត្យ គឺមានកម្រិតទាបបំផុត។ គ្រូពេទ្យវះកាត់អនុវត្តតាមនីតិវិធីយ៉ាងតឹងរ៉ឹង និងចាត់វិធានការការពារដើម្បីបង្ការកុំឱ្យរឿងនេះកើតឡើងក្នុងកំឡុងពេលអន្តរាគមន៍វេជ្ជសាស្ត្រទាំងនេះ។
ការយល់ខុសទី 6: ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ ធានាថានឹងមានការផ្ទេរតំណពូជជំងឺមហារីក
ការពិត : ការបំប្លែងហ្សែនដែលបន្តពូជពីដូនតា មានចំណែកត្រឹមតែមួយភាគតូចប៉ុណ្ណោះ (ប្រហែល 5-10%) នៃករណីជំងឺមហារីកទាំងអស់។ ទោះបីជាប្រវត្តិគ្រួសារមានជំងឺមហារីកអាចបង្កើនហានិភ័យរបស់អ្នកក៏ដោយ ប៉ុន្តែកត្តាផ្សេងទៀតដូចជា អាយុ ការជក់បារី និងការប៉ះពាល់នឹងវិទ្យុសកម្ម ក៏ដើរតួយ៉ាងសំខាន់ក្នុងការវិវត្តនៃជំងឺមហារីកផងដែរ។


ការយល់ខុសទី 7: មិនមានប្រវត្តិគ្រួសារមានន័យថាមានភាពស៊ាំពីជំងឺមហារីក
ការពិត : មនុស្សគ្រប់រូប ទោះបីជាមាន ឬគ្មានប្រវត្តិគ្រួសារក៏ដោយ អាចកើតជំងឺមហារីកបាន។ ការផ្លាស់ប្តូរហ្សែនអាចកើតឡើងពីកត្តាផ្សេងៗ ដូចជា ការប៉ះពាល់នឹងបរិស្ថាន រួមមាន ការជក់បារី កាំរស្មី សារធាតុបង្កមហារីក និងវីរុស។ លើសពីនេះ កត្តាដែលទាក់ទងនឹងរបៀបរស់នៅ ដូចជា ភាពធាត់ និងជំងឺទឹកនោមផ្អែម ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។
ការយល់ខុសទី 8: ថ្នាំលាបសក់បង្កឱ្យមានជំងឺមហារីក
ការពិត : នាពេលបច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលភ្ជាប់ទំនាក់ទំនងរវាងការប្រើប្រាស់ថ្នាំលាបសក់ ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកនោះទេ។ ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលប៉ះពាល់នឹងថ្នាំលាបសក់ជាប្រចាំ និងក្នុងរយៈពេលយូរ ដូចជាងគំនូរ ឬជាងធ្វើសក់ អាចនឹងមានហានិភ័យកើនឡើងបន្តិចបន្តួច ប៉ុន្តែកម្រិតនៃហានិភ័យនេះនៅតែមិនទាន់ច្បាស់លាស់ឡើយទេ។


ការយល់ខុសទី 9: ការព្យាបាលជំងឺមហារីកនាំឱ្យក្ស័យធន
ការពិត : បន្ទុកហិរញ្ញវត្ថុនៃការព្យាបាលជំងឺមហារីក គឺជាកង្វល់សម្រាប់មនុស្សជាច្រើន ប៉ុន្តែមានជម្រើសជំនួយហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗជាច្រើន ដើម្បីជួយដល់បុគ្គលម្នាក់ៗក្នុងការគ្រប់គ្រងការចំណាយទាំងនេះ និងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះបាន។
រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សៀវភៅណែនាំដ៏មានសារៈប្រយោជន៍ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានភាពបានកាន់តែប្រសើរ។
- តើអ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ
- សំណួរដែលត្រូវសួរគ្រូពេទ្យរបស់អ្នក
- គន្លឹះសម្រាប់ការទប់ទល់ និងការថែទាំប្រចាំថ្ងៃ

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង
អានបន្ថែម៖ តើអ្វីទៅជាជំងឺមហារីក | តើអ្វីដែលបង្កឱ្យមានជំងឺមហារីក | ប្រភេទនៃជំងឺមហារីក | ក្រុមគាំទ្រអ្នកជំងឺមហារីក | ការព្យាបាលជំងឺមហារីកនៅទីក្រុងប៉េណាំង | ក្រុមគ្រូពេទ្យពហុជំនាញរបស់យើង












































