Shopping Cart
មជ្ឈមណ្ឌលជំងឺមហារីកនៅប៉េណាំង | សេវាកម្មព្យាបាលជំងឺមហារីកកម្រិតខ្ពស់
.png)
Sunway Medical Centre Penang ផ្តល់នូវការថែទាំជំងឺមហារីកដ៏ទូលំទូលាយតាមរយៈវិធីសាស្ត្រពហុជំនាញ ដោយប្រមូលផ្តុំទៅដោយវេជ្ជបណ្ឌិតឯកទេសមហារីក វេជ្ជបណ្ឌិតឯកទេសវះកាត់ វេជ្ជបណ្ឌិតឯកទេសវិទ្យុសកម្ម វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរ វេជ្ជបណ្ឌិតឯកទេសរោគវិនិច្ឆ័យ គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខាភិបាលពាក់ព័ន្ធដទៃទៀត ដើម្បីផ្តល់នូវការព្យាបាលដែលមានការសម្របសម្រួលគ្នា និងស្របទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកជំងឺ សម្រាប់ប្រភេទនៃជំងឺមហារីកជាច្រើន តាមរយៈសេវាកម្មព្យាបាលដោយថ្នាំ វះកាត់ និងវិទ្យុសកម្ម។
មជ្ឈមណ្ឌលជំងឺមហារីករបស់យើងខ្ញុំនៅប៉េណាង ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុត រួមទាំងការថតរូបភាពវិភាគរោគវិនិច្ឆ័យដូចជា CT, MRI, PET / CT ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកជំងឺមហារីក ការកំណត់ដំណាក់កាលជំងឺ និងការរៀបចំផែនការព្យាបាល រួមទាំងសេវាកម្មព្យាបាលដោយកាំរស្មី (វិទ្យុសកម្ម) និងសេវាកម្មព្យាបាលជំងឺមហារីកផ្សេងៗទៀត។
បន្ថែមពីលើការព្យាបាលតាមបែបគ្លីនិក អ្នកជំងឺ និងអ្នកថែទាំក៏ទទួលបានការគាំទ្រតាមរយៈក្រុមជំនួយអ្នកជំងឺមហារីកផងដែរ ដែលផ្តល់នូវការគាំទ្រផ្នែកផ្លូវចិត្ត ការអប់រំណែនាំ និងផ្នែកចិត្តសង្គម ទន្ទឹមនឹងការថែទាំវេជ្ជសាស្ត្រ ដើម្បីជួយឱ្យបុគ្គលម្នាក់ៗអាចជម្នះនូវរាល់បញ្ហាប្រឈមនៃជំងឺមហារីកបាន។
ក្នុងនាមជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកឈានមុខគេនៅប៉េណាំង ការថែទាំត្រូវបានផ្តល់ជូនតាមរយៈសេវាកម្មព្យាបាលដោយថ្នាំ វះកាត់ និងវិទ្យុសកម្ម ដើម្បីជួយដល់អ្នកជំងឺក្នុងដំណាក់កាលផ្សេងៗគ្នានៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលរបស់ពួកគេ។
ក្រុមការងារពហុជំនាញរបស់យើងខ្ញុំ

ក្រុមការងារពហុជំនាញ (MDT) របស់យើងខ្ញុំ រួមមានគ្រូពេទ្យឯកទេសមហារីក គ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យឯកទេសវិទ្យុសកម្ម គ្រូពេទ្យឯកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរ គ្រូពេទ្យឯកទេសរោគវិនិច្ឆ័យ អ្នករូបវិទ្យាវេជ្ជសាស្ត្រ អ្នកឯកទេសព្យាបាលដោយកាំរស្មី អ្នកបច្ចេកទេសវិទ្យុសកម្ម ឱសថការី និងគិលានុបដ្ឋាយិកាឯកទេសមហារីក — ដែលទាំងអស់គ្នាសហការការងារយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យឯកទេសវេជ្ជសាស្ត្រដទៃទៀតជាង 20 ជំនាញ។
រកឃើញថាមានជំងឺមហារីកមែនទេ?នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សៀវភៅណែនាំជាក់ស្តែងមួយ ដើម្បីជួយអ្នកឱ្យមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានការណ៍បានកាន់តែប្រសើរ។
- តើយើងត្រូវត្រៀមអ្វីខ្លះបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ?
- សំណួរដែលត្រូវសួរវេជ្ជបណ្ឌិត
- គន្លឹះសម្រាប់ការសម្របសម្រួលផ្លូវចិត្ត និងការថែទាំប្រចាំថ្ងៃ

សេវាកម្មព្យាបាលជំងឺមហារីករបស់យើងខ្ញុំ
ការឆ្លងកាត់បទពិសោធន៍នៃជំងឺមហារីករបស់បុគ្គលម្នាក់ៗគឺខុសៗគ្នា។ នៅ Sunway Medical Centre Penang មជ្ឈមណ្ឌលជំងឺមហារីករបស់យើងខ្ញុំផ្តល់ជូននូវផែនការព្យាបាលស្របតាមតម្រូវការផ្ទាល់ខ្លួន ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ ដំណាក់កាលនៃជំងឺមហារីក របៀបរបបរស់នៅ និងគោលដៅសុខភាពទូទៅរបស់អ្នកជំងឺម្នាក់ៗ។
យើងខ្ញុំផ្តល់ជូននូវការព្យាបាលជំងឺមហារីកគ្រប់ជ្រុងជ្រោយនៅកន្លែងតែមួយ — រួមមាន ការវះកាត់ ការព្យាបាលដោយគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលចំគោលដៅ ការព្យាបាលដោយស៊ាំសាស្ត្រ ការព្យាបាលដោយអរម៉ូន វេជ្ជសាស្ត្រសុក្រឹតភាព ការថែទាំបំបាត់ការឈឺចាប់ និងការថែទាំគាំទ្រសម្របសម្រួល — ដើម្បីធានាថាអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា និងសហការគ្នាជាធ្លុងមួយពីក្រុមការងារវេជ្ជសាស្ត្រពហុជំនាញ។
បច្ចេកវិទ្យាព្យាបាលជំងឺមហារីកកម្រិតខ្ពស់របស់យើងខ្ញុំ
(1)(1).jpg)
បច្ចេកវិទ្យាកម្រិតខ្ពស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកបានត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។ នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងខ្ញុំ អ្នកជំងឺនឹងទទួលបានអត្ថប្រយោជន៍ពីការថតរូបភាពវិភាគរោគវិនិច្ឆ័យដ៏ទំនើប ការព្យាបាលដែលណែនាំដោយភាពសុក្រឹត និងនីតិវិធីវះកាត់ជំនួយដោយម៉ាស៊ីន ដែលជួយគាំទ្រដល់ការថែទាំព្យាបាលជំងឺមហារីកឱ្យកាន់តែមានសុវត្ថិភាព និងចំគោលដៅកាន់តែច្បាស់លាស់។
សមត្ថភាពបច្ចេកវិទ្យារបស់យើងខ្ញុំ — រួមមានប្រព័ន្ធថតរូបភាពកម្រិតខ្ពស់ ប្រព័ន្ធព្យាបាលដោយវិទ្យុសកម្ម និងការវះកាត់ជំនួយដោយមនុស្សយន្ត — ជួយឱ្យការស្វែងរកជំងឺបានកាន់តែលឿន ការរៀបចំផែនការព្យាបាលបានច្បាស់លាស់ និងផ្តល់លទ្ធផលព្យាបាលកាន់តែប្រសើរឡើងនៅគ្រប់ដំណាក់កាលនៃជំងឺមហារីក។
ក្រុមជំនួយរអ្នកជំងឺមហារីករបស់យើងខ្ញុំ
.png)
ក្នុងដំណើរផ្លូវប្រយុទ្ធនឹងជំងឺមហារីកនេះ អ្នកមិននៅតែម្នាក់ឯងនោះទេ។
ក្រុមជំនួយរអ្នកជំងឺមហារីករបស់យើងខ្ញុំ ផ្តល់នូវកន្លែងដ៏កក់ក្តៅមួយសម្រាប់អ្នកជំងឺ អ្នកដែលបានជាសះស្បើយ និងអ្នកថែទាំ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងស្វែងរកការលើកទឹកចិត្តបន្ថែមពីលើការថែទាំតាមបែបគ្លីនិក។
ចូលរួមជាមួយក្រុមជំនួយអ្នកជំងឺមហារីករបស់យើងខ្ញុំ
ការរៀបចំផែនការព្យាបាលមានភាពខុសប្លែកគ្នាចំពោះបុគ្គលម្នាក់ៗ សូម្បីតែប្រភេទជំងឺមហារីកដូចគ្នាក៏ដោយ។ យើងខ្ញុំតែងតែធានាថា ការព្យាបាលរបស់យើងខ្ញុំមិនត្រឹមតែស្របតាមតម្រូវការផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទទួលស្គាល់ផ្នែកគ្លីនិក មានការស្រាវជ្រាវច្បាស់លាស់ និងផ្អែកលើលទ្ធផលជាក់ស្តែង ដើម្បីជួយឱ្យអ្នកជំងឺអាចត្រឡប់ទៅរកជីវភាពធម្មតាវិញបានយ៉ាងឆាប់រហ័ស ដោយចំណាយតិច និងកាត់បន្ថយការឈឺចាប់ឱ្យនៅកម្រិតទាបបំផុត។
ក្រៅពីការព្យាបាលជំងឺមហារីក យើងខ្ញុំក៏ចង់ឱ្យអ្នកជំងឺបន្តរស់នៅជាធម្មតា ដោយមានការចូលរួមយ៉ាងពេញលេញនៅក្នុងគ្រួសារ ការងារ សង្គម និងជីវិតផ្ទាល់ខ្លួន។
សេវាកម្មចម្រើនសុខភាពរបស់យើងខ្ញុំ ត្រូវបានដឹកនាំដោយអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ដើម្បីជួយឱ្យអ្នកជំងឺអាចគ្រប់គ្រងជីវិតរបស់ពួកគេឡើងវិញបាន។ នេះអាចសម្រេចទៅបានតាមរយៈការកែលម្អមុខងាររាងកាយ ការរៀបចំរបៀបរបបរស់នៅឡើងវិញ និងការកាត់បន្ថយការឈឺចាប់របស់ពួកគេ តាមរយៈផែនការថែទាំពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើឱ្យជីវិតរស់នៅកាន់តែមានន័យ និងប្រសើរឡើង។
ក្រុមការងារនៃមជ្ឈមណ្ឌលជំងឺមហារីក គឺត្រូវបានបង្កើតឡើងដោយគ្រូពេទ្យឯកទេសមហារីក អ្នករូបវិទ្យាវេជ្ជសាស្ត្រ អ្នកឯកទេសព្យាបាលដោយកាំរស្មី គ្រូពេទ្យឯកទេសរោគវិនិច្ឆ័យ គ្រូពេទ្យឯកទេសវិទ្យុសកម្ម ឱសថការី និងគិលានុបដ្ឋាយិកាឯកទេសមហារីក។ ទន្ទឹមនឹងការសហការជាមួយគ្រូពេទ្យឯកទេសមហារីក ក៏មានគ្រូពេទ្យឯកទេសវះកាត់ និងគ្រូពេទ្យឯកទេសជំងឺទូទៅមកពីជាង ២៥ ជំនាញវេជ្ជសាស្ត្រផ្សេងទៀត ដោយប្រើប្រាស់ម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្មបច្ចេកវិទ្យាខ្ពស់ដែលមាននៅក្នុងមជ្ឈមណ្ឌល រួមជាមួយនឹងមនុស្សយន្តវះកាត់ ឧបករណ៍វះកាត់ចោះតូច (Minimally Invasive Devices) ប្រព័ន្ធថតរូបភាពវិភាគ ប្រព័ន្ធពិនិត្យ និងរោគវិនិច្ឆ័យ ព្រមទាំងមានមន្ទីរពិសោធន៍ផ្ទាល់នៅក្នុងមន្ទីរពេទ្យ។
អ្នកជំងឺរបស់មជ្ឈមណ្ឌលក៏ទទួលបានអត្ថប្រយោជន៍ពីវួដ Chemo Day ដែលមានទំហំធំទូលាយ និងផ្តល់នូវអារម្មណ៍ស្ងប់ចិត្ត ក្នុងពេលដែលពួកគេទទួលបានជំនួយពីក្រុមជំនាញសុខាភិបាលពាក់ព័ន្ធ រួមមានផ្នែករបបអាហារ និងអ្នកជំនាញអាហារូបត្ថម្ភ សេវាថែទាំតាមផ្ទះ ផ្នែកព្យាបាលការនិយាយ និងការស្តាប់ ព្រមទាំងការព្យាបាលស្តារនីតិសម្បទា។
យើងខ្ញុំដឹងយ៉ាងច្បាស់ថា ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរដល់រាងកាយ បេះដូង និងផ្លូវចិត្តរបស់អ្នក។ នោះហើយទើបយើងខ្ញុំចង់ធ្វើឱ្យដំណើរផ្លូវឆ្ពោះទៅរកការធូរស្បើយឡើងវិញប្រកបទៅដោយភាពងាយស្រួល គ្មានការលំបាកស្មុគស្មាញ និងមានប្រសិទ្ធភាពផ្នែកការចំណាយសម្រាប់អ្នកតាមដែលអាចធ្វើទៅបាន។
វិធីសាស្ត្ររបស់យើងខ្ញុំគឺផ្ដោតលើការថែទាំបែបគ្រប់ជ្រុងជ្រោយ និងប្រកបដោយក្តីមេត្តាករុណា។ ពេញមួយដំណើរផ្លូវនៃជំងឺមហារីក យើងខ្ញុំនៅឈរក្បែរអ្នកជំងឺជានិច្ច ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការជាសះស្បើយពេញលេញ។ យើងខ្ញុំមានគោលបំណងបម្រើ និងផ្តល់ការថែទាំដែលស្របតាមតម្រូវការផ្ទាល់របស់អ្នកជំងឺ ដើម្បីផ្តល់នូវក្តីសង្ឃឹម ភាពកក់ក្តៅ និងលទ្ធផលព្យាបាលដ៏ល្អបំផុត។
ជម្រើសដំបូងរបស់អ្នក សម្រាប់មតិទីពីរ
ការធ្វើរោគវិនិច្ឆ័យតែងតែមានពេលវេលាបន្ថែមសម្រាប់ការស្វែងយលកាន់តែជ្រៅ ដើម្បីធានាឲ្យមានភាពត្រឹមត្រូវថែមទាំងបង្កើតនូវផែនការព្យាបាលដែលផ្តល់ជូនអ្នក ដែលភាគរយជោគជ័យខ្ពស់បំផុត។
ករណីនេះអាចរាប់បញ្ចូលទាំងការស្វែងរកការពិគ្រោះយោបល់ទីពីរ ពីគ្រូពេទ្យឯកទេសផ្សេងទៀត។
ហេតុអ្វីបានជាការពិគ្រោះយោបល់ទីពីរមានសារៈសំខាន់?
អ្នកមិនប្រាកដថា ការធ្វើរោគវិនិច្ឆ័យដំបូងរបស់អ្នកត្រឹមត្រូវឬអត់
អ្នកមានមន្ទិលសង្ស័យ ហើយចង់ជម្រះមន្ទិលទាំងនោះឱ្យច្បាស់លាស់
អ្នកចង់ស្វែងរកជម្រើសនៃការព្យាបាលបន្ថែមទៀត
អ្នកចង់ទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់ ដែលមិនមាននៅមជ្ឈមណ្ឌលជំងឺមហារីកដើមរបស់អ្នក
អ្នកចង់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់ជាងមុន នៅពេលជ្រើសរើសផែនការព្យាបាល
ភាពស្ងប់ចិត្ត និងភាពកក់ក្តៅក្នុងពេលប្រាស្រ័យទាក់ទងជាមួយក្រុមការងារថែទាំជំងឺមហារីក គឺជារឿងសំខាន់សម្រាប់អ្នក
ក្រុមការងារមជ្ឈមណ្ឌលជំងឺមហារីករបស់យើងខ្ញុំ ធ្វើការពិនិត្យយ៉ាងហ្មត់ចត់បំផុតដោយមិនឱ្យមានចន្លោះប្រហោងឡើយ។ ការធ្វើរោគវិនិច្ឆ័យ និងការណែនាំកញ្ចប់ព្យាបាល គឺត្រូវបានផ្តល់ជូនបន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងលម្អិត និងពេញលេញទៅលើប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក រួមទាំងការពិនិត្យឡើងវិញនូវរបាយការណ៍វេជ្ជសាស្ត្រ លទ្ធផលតេស្តឈាម លទ្ធផលថតរូបភាពវិភាគ និងលទ្ធផលវិទ្យុសាស្ត្រផ្សេងៗ។
ក្រុមប្រឹក្សាដុំសាច់ គឺជាឈ្មោះនៃកិច្ចប្រជុំសន្និសីទពហុជំនាញប្រចាំសប្តាហ៍ដែលផ្ដោតលើអ្នកជំងឺជាចម្បងរបស់មជ្ឈមណ្ឌលជំងឺមហារីករបស់យើងខ្ញុំ ដោយប្រមូលផ្តុំអ្នកជំនាញសុខាភិបាលមកពីបណ្តាជំនាញជាច្រើន រួមមានគ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យឯកទេសជំងឺទូទៅ គ្រូពេទ្យឯកទេសមហារីក គ្រូពេទ្យឯកទេសវិទ្យុសកម្ម និងគ្រូពេទ្យឯកទេសរោគវិនិច្ឆ័យ ដែលសហការគ្នាជាក្រុមការងារដ៏រលូនមួយ ដើម្បីស្រាវជ្រាវលើករណីជំងឺមហារីកដែលមានភាពស្មុគស្មាញ និងពិនិត្យមើលពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសព្យាបាលផ្សេងៗ ចាប់តាំងពីដំណាក់កាលស្រួចស្រាវរហូតដល់រយៈពេលវែង។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារទាំងមូលនឹងរួមគ្នាសម្រេចចិត្តលើផែនការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ ដោយមានគោលបំណងតែមួយគត់គឺ ដើម្បីទទួលបានលទ្ធផលព្យាបាលដ៏ល្អប្រសើរបំផុត។




(1).jpg)








































